នារីជនជាតិឥណ្ឌូនេស៊ី ២ នាក់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង
ក្នុងក្តីសង្ឃឹមទទួលបានជីវិតល្អប្រសើរមួយ ជាមួយមុខរបរដែលគេជឿថា “សេវាផ្លូវភេទ” ត្រូវបានគេសម្លាប់យ៉ាងអាណោចអាធមបំផុត កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា
ឃាតករសម្លាប់ស្ត្រីទាំងពីរនាក់នេះ ដែលត្រូវបានប៉ូលីសចាប់ឃុំខ្លួន
គឺស្គាល់អត្តសញ្ញាណមានឈ្មោះ Rurik Jutting អាយុ ២៩ ឆ្នាំ,
បម្រើការឲ្យធនាគារអាមេរិកាំង Merrill Lynch
ក្នុងនាមជាឈ្មួញហ៊ុនម្នាក់ ។
នាង Jesse Lorena ថតរូបបង្ហាញទឹកប្រាក់រកបាន ប៉ូលីសនិយាយថា សាកសពស្ត្រីទាំងពីរដែលមានឈ្មោះ Sumatra Ningsih និង Jesse Lorena ត្រូវបានរកឃើញនៅក្នុងផ្ទះឃាតករ Rurik ជាន់ទី៣១ នៃប្លុកអគារមួយក្នុងស្រុក Wanchai នៅព្រឹកថ្ងៃសៅរ៍ ។ ក្នុងនោះ សាកសពស្ត្រីឈ្មោះ Ningsih រស់នៅទីក្រុងកំពង់ផែ Cilacap ខេត្ត Java (ឥណ្ឌូនេស៊ី) ដែលទើបមកដល់ទីក្រុងហុងកុង មិនទាន់បាន១ខែផងនោះ ត្រូវបានរកឃើញនៅក្នុងវ៉ាលីស នៅលើឡៅតឿ, រីឯសាកសពស្ត្រីម្នាក់ទៀត ឈ្មោះ Lorena ដែលគេជឿថាជាអ្នកបម្រើតាមផ្ទះយូរឆ្នាំ និងក៏មានគំរោងវិលត្រលប់មកស្រុកកំណើតវិញឆាប់ៗនេះ ក៏ត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះកើតហេតុខាងលើផងដែរ ដោយរបួសដាច់បំពង់.ក ។
ក្នុងនោះដែរ នាង Lorena បាននិយាយប្រាប់មិត្តភ័ក្តិរបស់នាងថា នាងបានរស់នៅទីក្រុងហុងកុងក្នុងរយៈពេល ៨ ឆ្នាំ មកនេះ គឺនាងអាចរកលុយបានល្មមគ្រប់គ្រាន់ដើម្បីសង់ផ្ទះមួយ និងជួយផ្គត់ផ្គង់គ្រួសាររបស់នាង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ មុនថ្ងៃកើតហេតុ នាងក៏បានប្រាប់មិត្តភ័ក្តិរបស់នាងឲ្យដឹងដែរថា នាងនឹងទៅចូលរួមពិធីជប់លៀង Halloween មួយ ។ ចំណែកនាង Ningsih វិញ បានប្រាប់មិត្តភ័ក្តិប៉ុន្មានថ្ងៃ មុននាងត្រូវបានសម្លាប់ថា នាងនឹង “ទៅជួប” បុរសម្នាក់ ដែលកក់នាងក្នុងតម្លៃ ១៥៣៥ ដុល្លារ ។
លោក Wan Siu-hung មេបញ្ជាការប៉ូលីស បាននិយាយថា នៅពេលទៅដល់ផ្ទះកើតហេតុ ពួកគាត់បានរកឃើញស្ត្រីម្នាក់ដេកបាត់បង់ស្មារតីក្នុងស្ថានភាពរាងកាយ អាក្រាត ជាមួយកាំបិតដោតជាប់បំពង់.ក, រីឯសាកសព១ទៀត រកឃើញត្រូវឃាតករកាប់ញាត់ចូលវ៉ាលីសរួចហើយ ។ ជាមួយគ្នានោះដែរ ប៉ូលីសក៏បានចាប់ខ្លួនជនដៃដល់ផងដែរ បន្ទាប់ពីវាខ្លួនឯងបានហៅប៉ូលីសឲ្យទៅកាន់កន្លែងកើតហេតុ ។
គួរបញ្ជាក់ផងដែរថា ឃាតករបានកកសេវាបំរើផ្លូវភេទ លើពួកនាងក្នុងម្នាក់ៗតម្លៃ ១៤៣៩ ដុល្លារ ក្នុង១យប់ ខណៈនៅយប់កើតហេតុនោះ នៅផ្ទះឃាតករមានធ្វើពិធីជប់លៀងអបអរបុណ្យ Halloween ៕