តារាសម្ដែងអ្នកនាងសុខ សុម៉ាវត្តី
សារភាពថាបានដកខ្លួនចេញពីការក្ដាប់តំណែងជាម្ចាស់សណ្ឋាគារដែល
ឪពុកក្មេកបើកឲ្យនៅខេត្តក្រចេះ
ដោយអះអាងថាដើម្បីមានពេលគ្រប់គ្រាន់ជាមួយសិល្បៈ ។ អ្នកនាងថា
ការដកខ្លួននោះមិនមែនជាដកតំណែងរបស់ឪពុកក្មេកនោះទេ
ប៉ុន្តែជាការស្នើសុំរបស់នាងប៉ុណ្ណោះ។
ថ្មីៗនេះ មានការលើកឡើងថា ហេតុផលដែល សុខ សុម៉ាវត្តី
ចេញមុខក្នុងកម្មវិធីទូរទស្សន៍ជាប់នាពេលចុងក្រោយ
គឺដោយសារតែមុខជំនួញសណ្ឋាគារដែលលោកទូច ណារ៉ុថ
ជាឪពុកក្មេកបើកឲ្យនៅខេត្តក្រចេះនោះ
ត្រូវដកឲ្យអ្នកផ្សេងគ្រប់គ្រង បន្ទាប់ពីចងដៃនាង និងស្វាមី
ក្រោយពេលរៀបការ ហើយនាងបំពេញតួនាទីមិនបានល្អ ។
មតិដែលបានលើកឡើងនោះយល់ថានាងធ្វើឲ្យឪពុកម្ដាយក្មេកខកចិត្ត
ទើបត្រូវបាត់បង់មុខជំនួញ
ដែលបង្ខំឲ្យនាងវិលស៊ប់ជាមួយការងារសិល្បៈនាពេលនេះទៀតផង។
ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ សុខ សោម៉ាវត្តី
បញ្ជាក់ប្រាប់ដោយច្បាស់ៗថា
មុខជំនួញសណ្ឋាគារដែលឪពុកក្មេកចងដៃឲ្យនាង និងស្វាមី
ខ្លួនពិតជាដកខ្លួនមែន
ប៉ុន្តែមិនមែនជាការដណ្ដើមកៅអីគ្នាអង្គុយនៅក្នុងរង្វង់គ្រួសារ
នោះទេ គឺជាការទទូចសុំរបស់នាង និងស្វាមីប៉ុណ្ណោះ ។ នាងនិយាយថា
នាងគឺជាអ្នកសុំខ្លួនឈប់រវីរវល់លើមុខជំនួញនោះតាំងពីសម្រាល
កូនស្រីហើយម្ល៉េះ បន្ទាប់ពីមើលឃើញថា ការគ្រប់គ្រងសណ្ឋាគារដ៏ធំ
វាលើសពីសមត្ថភាពរបស់នាង ។ ប៉ុន្តែ
មកពីឪពុកម្ដាយក្មេកមានបំណងឲ្យនាងចេះគ្រប់គ្រងមុខជំនួញពី
ឥឡូវ ទើបចេះតែឡើងចុះទៅមើលខុសត្រូវខ្លះនាពេលកន្លងមក។
សុខ សោម៉ាវត្តី សារភាព ថា ធ្លាប់ទទួលប្រតិកម្មតិចតួចពាក់ព័ន្ធនឹងការទម្លាក់ចោល អាជីពជំនួញដែលឪពុកក្មេកបើកឲ្យក្រោយពេលរៀបការ ហើយសុំខ្លួនមកធ្វើពិធីការិនី និងសម្ដែងដូចដើម។ ប៉ុន្តែរយៈពេលនេះ នាងអះអាងថា មិនមានការជំទាស់ទៀតទេ គឺមានតែលើកទឹកចិត្តដោយសារតែការជ្រើសយករបស់នាង ក៏ជាការងារមួយថ្លៃថ្នូរ ហើយទទួលចំណូលច្រើន។
ការបញ្ជាក់របស់ សុខ សោម៉ាវត្តី ជាសារឆ្លើយតបយ៉ាងច្បាស់ តបទៅកាន់ការងឿងឆ្ងល់ ថាតើពេលនេះ នាងនៅចាប់ត្រីដៃពីរក្នុងពេលប្រឡូកសិល្បៈយ៉ាងសស្រាក់សស្រាំឬ យ៉ាងណា? យ៉ាងណាមិញ មិនមានន័យថា នាងបាត់បង់សិទ្ធិគ្រប់គ្រងមុខជំនួញរបស់ឪពុកក្មេក ដែលបានសាងសង់ប្រគល់ឲ្យលោកទូច ដាណារ៉ា ហៅពេជ្រ ជាស្វាមី និងរូបនាងផ្ទាល់ទុកជាចំណងដៃនោះ ជារៀងរហូតនោះទេ បើទោះជាសណ្ឋាគារក្នុងពេលនេះ មានអ្នកអង្គុយកៅអីជំនួស ហើយមានភាពរីកចំរើនល្អប្រសើរ។ សុខ សោម៉ាវត្តី បញ្ជាក់ថា ឪពុកក្មេកនៅតែផ្ដល់ឱកាសឲ្យនាងបើកជំនួញតាមការចង់បាន ឬត្រឡប់ទៅជួយគ្រប់គ្រងមុខជំនួញនោះវិញ ប្រសិនបើនាងទំនេរពីការងារសិល្បៈ ហើយសុំខ្លួនទទួលយក ។
សុខ សោម៉ាវត្តី បញ្ជាក់ថា នងមិនយល់ថាជាការជ្រើសនេះខុសនោះទេ ក្នុងពេលដែលអាជីពសិល្បៈ ក៏ធ្វើឲ្យនាងទទួលជោគជ័យ ជាថ្នូរនឹងការដកខ្លួនពីជំនួញរបស់ឪពុកម្ដាយក្មេកនោះដែរ។ តារារូបនេះពោលថា «អត់មានអ្វីត្រូវស្ដាយផង ព្រោះបើចង់បើកជំនួញអី ឬទៅមើលខុសត្រូវសណ្ឋាគារហ្នឹងពេលក្រោយ ក៏មិនហួសពេលដែរ គាត់បើកសិទ្ធិតើ!»។
បច្ចុបន្បន្ន សុខ សោម៉ាវត្តី កំពុងបង្អួតស្នាដៃជាមួយកម្មវិធីថ្មីៗប្រចាំនៅទូរទស្សន៍បាយ័ន និងសស្រាក់សស្រាំជាមួយការសម្ដែងជាច្រើន ដែលជួយឲ្យនាងទទួលបានការចាប់អារម្មណ៍មិនចាញ់កាលនៅក្រមុំ។ នាងអះអាងថា មិនចង់ចាប់ត្រីដៃពីរទេ ក្នុងពេលដែលនាងទុកពេលពីការថតសម្ដែង មើលថែកូនស្រី និង បំពេញកិច្ចការផ្ទះ ដោយមិនពឹងតែលើអ្នកបម្រើធ្វេងស្ដាំនោះឡើយ ៕