ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ តុលា នៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ បន្ទាប់ពីចាប់រំលោភក្មេងស្រីម្នាក់អាយុ១០ឆ្នាំ កាលពីពាក់កណ្ដាលខែសីហា កន្លងទៅ ហើយរត់គេចខ្លួន។
លោក សន លុច នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានប្រាប់ថា ជនសង្ស័យឈ្មោះ ខូ បូរ៉ា អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។ លោកថា ជននេះបានរត់គេចខ្លួន បន្ទាប់ពីចាប់រំលោភទៅលើក្មេងស្រីម្នាក់អាយុ១០ឆ្នាំ នៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី១៨ សីហា ២០១៤ ដែលប្រព្រឹត្តក្នុងចំការក្បែរផ្ទះនាង។ លុះបង្ហាញមុខនៅរសៀលថ្ងៃទី១៦តុលា ទើបលោករាយការណ៍ជូនលោកស្នងការខេត្ត និងសុំគោលការណ៏លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឃាត់ខ្លួនតែម្ដង។
បន្ទាប់ពីត្រូវឃាត់ខ្លួនជនសង្ស័យឈ្មោះខូ បូរ៉ា បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះនោះមែន តែមិនបានស៊ីជម្រៅទេ។ ជនស្ស័យបានរំលឹកអំពីរឿងនេះថា ខ្លួនបានល្បួងនាងទៅចំការក្រោយផ្ទះ ដោយកុហកនាងថា ជីដូននាងឲ្យហៅ តែនាងមិនព្រមទៅ ទើបខ្លួនចាប់អូសដៃដោយបង្ខំ ទៅក្នុងចំការរួចធ្វើសកម្មភាព ដោយប្រើម្រាមដៃ និងប្រដាប់ភេទតែមិនស៊ីជម្រៅទេ។ ជននេះបញ្ជាក់ថា ក្រោយពីប្រព្រឹត្តខ្លួនបានគេចខ្លួនទៅធ្វើកម្មករសំណង់ក្នុង ក្រុងបាត់ដំបង លុះសាកល្បងលបចូលផ្ទះមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
លោកនាយរងការិយាល័យព្រហ្មកំរិតធ្ងន់ក៏បាន បញ្ជាក់ដែរថា ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានទទូលបណ្ដឹងពីក្រុមគ្រួសារជន រងគ្រោះ លោកក៏បានសុំគោលការណ៏លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្ដង។ លោកបញ្ជាក់ថា កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការហើយ៕